ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ

ខេត្តកំពង់ធំ÷នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការព្រឹទ្ធសភា រដ្ឋសភា មណ្ឌលខេត្តកំពង់ធំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំងអស់ក្នុងខេត្តកំពង់ធំ នៅភូមិគ្រឹះ ឯកឧត្តមបណ្ឌិត ក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតបានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ និងបានលើកឡើងអំពីសកម្មភាព និងអត្ថន័យជាប្រពៃណីនៃពិធីបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងប្រារព្ធ។
ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញគណបក្សស្រុក-ក្រុង រាយការណ៍លំអិតអំពីការកសាងសមាជិកបក្សឱ្យគ្រប់តាមសន្ទស្សន៍ផែនការ ពិសេសផ្តោតចំពោះឃុំដែលមិនទាន់គ្រប់ ជាយុទ្ធវិធីគ្រប់ស្រុក-ក្រុង ត្រូវតែប្តេជ្ញាចិត្តកសាងសមាជិកបក្សឱ្យគ្រប់តាមសន្ទស្សន៍ផែនការ ។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ បានលើកឡើងអំពីការខិតខំបំពេញការងារតាមតួនាទីភារៈកិច្ចកន្លងមក និងបានលើកឡើងការបារម្មណ៍ ធ្វើយ៉ាងណាទទួលបានជ័យជម្នះ ដោយភ្ជាប់ទៅនឹងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត ទៅតាមយុទ្ធសាស្ត្រ យុទ្ធវិធីរបស់គណបក្ស ។

ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់គណបក្សខេត្តអំពីការងារអង្គការមហាជន គឺយើងពិនិត្យ មើលគ្រប់រចនាសម្ព័ន្ធហើយឬនៅ និងត្រូវចុះធ្វើការងារបញ្ជ្រៀបដល់មហាជនអំពីកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចគោលនយោបាយរបស់គណបក្សយើង ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិ និងដំណើរការកសាងសាកលវិទ្យាល័យកំពង់ធំ ក្នុងខេត្តកំពង់ធំ តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរដើម្បីជាថ្នាលបណ្តុះបណ្តាលដល់កូនៗជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ៕