ស្ត្រីម្នាក់ខឹងនិងលោកប្តីផឹកស្រវឹងមិនស្វាងគ្មានលុះមួយថ្ងៃក៏យកដំបងវាយបណ្តាលអោយ

ខេត្តព្រះវិហារ ៖ស្ត្រីម្នាក់ខឹងនិងលោកប្តីផឹកស្រវឹងមិនស្វាងគ្មានលុះមួយថ្ងៃក៏យកដំបងវាយបណ្តាលអោយស្លាប់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវកម្លាំកងរាជអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនស្ត្រីជាប្រពន្ធ ក្រោយសម្លាប់ប្តីខ្លួនឯងដោយដំបងឈើគ្រញូងដែលស្ថិតនៅក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចំណែកឯបុរស់រងគ្រោះជាប្តីមានឈ្មោះ ឆេន ធីម អាយុ៣២ឆ្នាំ មុខរបរ កសិកររស់នៅភូមិឃុំខាងលើ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យជាប្រពន្ធមានឈ្មោះ វិន សែន អាយុ៣១ឆ្នាំ មុខរបរ កសិករ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តទៀតថា នៅវេលាម៉ោង ០៨និង៤០នាទី នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីឃាតកម្មមួយកើតឡើងនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ដោយត្រូវជនសង្ស័យយកដំបងឈើគ្រញូង វាយទៅលើជនរងគ្រោះត្រូវចំចិញ្ចើម បាក់ថ្គាម និងបាក់ដងកាំបិតខាងស្តាំ។

លោកមេបញ្ជាខេត្ត បានបញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនសង្ស័យ ពេលនោះសមត្ថកិច្ច បានកំណត់មុខសញ្ញាច្បាស់លាស់ថា ករណីនេះ គឺស្ត្រីជាប្រពន្ធជាអ្នកសម្លាប់ តែសមត្ថកិច្ចធ្វើមិនឱ្យជនសង្ស័យដឹងខ្លួន ដោយទុកឱកាសឱ្យជនសង្ស័យបានធ្វើបុណ្យឱ្យប្តីចប់សព្វគ្រប់សិន។

ក្រោយស្ត្រីជាប្រពន្ធបញ្ចុះសពប្តីរួច ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនភ្លាមៗតែម្តង ហើយជនសង្ស័យជាប្រពន្ធបានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្តីពិតប្រាកដមែន មូលហេតុដោយសារខឹងប្តីតែងតែនៅពេលផឹកស្រាស្រវឹងម្តងៗ និងប្រើអំពើហិង្សាមកលើខ្លួនជាច្រើនលើកច្រើនសារ រហូតធ្វើឱ្យខ្លួនមានការគុំគួន ថាថ្ងៃណាមួយនឹងសម្លាប់ប្តីឱ្យបាន។

បច្ចុប្បន្ន ស្ត្រីជាជនដៃដល់ និងវត្ថុតាងត្រូវបានកងរាជអាវុធហត្ដស្រុកជាំក្សាន្ត កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕