លោកអភិបាលស្រុកបន្ទាយស្រីវ័យក្មេងឃឹម ហ្វីណង់បានចុះពិនិត្យទីតាំងជាក់ស្តែង

ខេត្តសៀមរាប÷លោកអភិបាលស្រុកបន្ទាយស្រីឃឹម ហ្វីណង់បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែងនៅក្នុងតំបន់ឧទ្យានជាតិជើងភ្នំគូលែន ដើម្បីដាំកូនឈើ

ក្នុងនោះដែលមានការចូលរួមពីលោកប្រធាន
មន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីឧទ្យាននុរក្ស ដើម្បីកំណត់ទីតាំងដែលត្រូវរៀបចំដាំដើមឈើឡើងវិញ និងត្រូវរក្សាអោយបានជាពិសេសក្នុងតំបន់ដែលត្រូវបានរងការទន្ទ្រានវាតទីចាប់យកដី និងលួចសាងសង់សំណង់ខុសច្បាប់នានា។

ហើយលោកបានបញ្ជាក់ថាក្នុងនាមរដ្ឋបាលស្រុក សូមបញ្ជាក់សារជាថ្មីទៅកាន់សាធារណៈជនទាំងអស់អោយបានជ្រាបថា៖

ដីនិងសំណង់នៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជើងភ្នំគូលែនមួយចំនួនត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់សកម្មជនដីធ្លីជាបន្តបន្ទាប់ក្រោយការបញ្ចប់ការវាស់វែងផ្តល់កម្មសិទ្ធិដីធ្លីរបស់យុវជនស្ម័គ្រចិត្តកាលពីឆ្នាំ២០១២។

ហើយរដ្ឋបាលស្រុកមិនទទួលស្គាល់ការទន្ទ្រានចាប់យកដីដោយខុសច្បាប់នេះឡើយ ហើយការកាន់កាប់ដោយខុសច្បាប់ទាំងនេះសុទ្ធតែមិនមានឯកសារគតិយុត្តិនោះទេ។ ច្បាប់ភូមិបាលក៏មិនទទួលស្គាល់ការអាស្រ័យផលដោយគ្មានបណ្ណក្រោយឆ្នាំ២០០១ដែរ។

រដ្ឋបាលស្រុកមិនអនុញ្ញាតអោយមានការផ្ទេរកម្មសិទ្ធិរឺទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានក្រោមរូបភាពណាមួយជាដាច់ខាត។

ដូច្នេះរដ្ឋបាលស្រុកនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៍ដោយប្រការណាមួយឡើយ ហើយជនដែលលួចទន្ទ្រានយកដីរដ្ឋទៅលក់ នឹងត្រូវរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន។

លោកបានបញ្ជាក់យ៉ាងច្បាស់ថាសូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីមេត្តាប្រុងប្រយ័ត្នខ្ពស់និងកុំចាញ់បោកជនដែលលួងលោមថាទិញដីថោកៗនោះ។ជាចុងក្រោយលោកសូមជូនពរដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងអស់អោយជួបតែសេចក្តីសុខចំរើននិងរកទទាន់មានបានគ្រប់ក្រុមគ្រួសារ។